Thursday, July 7, 2011

Comprehensive brief history of Khmer Rouge and CPP

Of course, the journey of Khmer Communist Movement has significantly backed by Vietnam since the birth of this movement in Cambodia. The author has comprehensively elaborated the emerge of Indochina Communist Movement to fight against French Colony and it's contingency up to present. Khmer Labor Party was split into three groups: two in Cambodia, one in Vietnam. But this three groups have never given up in interacting with each other. Thanks Vietnamese active communist aka Achar Mien or Son Ngoc Minh who was able to embed his legacy in Cambodia. And modern CPP is the pride and success of Achar Mien. I remembered when I was young, while Cambodia was totally led by Vietnam and this country changed from Monarchy to Non-monarchy (State of Cambodia), the money photos of Sihanouk were replaced by the face of Son Ngoc Minh. Once, Funcipec failed to persuade Khmer Rouge to defect to their group, it was possibly because Funcipec is not one of the three communist divisions split their struggling paths during their recession. 
ខ្មែរក្រហម - អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011
 

ដើមកំណើត​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា
ប្រភពដើម​នៃ​បក្សកុម្មុយនិស្តកម្ពុជា គឺ​កើតចេញ​ពី​បក្សកុម្មុយនិស្ត​ឥណ្ឌូចិន​
ប្រភពដើម​នៃ​បក្សកុម្មុយនិស្តកម្ពុជា គឺ​កើតចេញ​ពី​បក្សកុម្មុយនិស្ត​ឥណ្ឌូចិន​
ដោយ សេង ឌីណា
មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។
បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា
បក្សកុម្មុយនិស្ត​ឥណ្ឌូចិន
 
លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាម​លោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរ​ឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​កុម្មុយនិស្ត​ទេ។


បក្សប្រជាជន​បដិវត្តន៍កម្ពុជា
 
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា “សមាគម​ខ្មែរ​ឥស្សរៈ” ទៀតផង ជាហេតុ​នាំឲ្យ​មាន​ការ​ភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ឲ្យ​ទៅជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ ខ្លួន ដែល​មាន​ឈ្មោះ​ថា “បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា”។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ១៩៦០ ក្រុមខ្មែរ​កុម្មុយនិស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ ផ្លូវការ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសាខ្មែរ។

បក្សពលករកម្ពុជា

ក្រោយពី​សន្និសីទ​ក្រុងហ្សឺណែវខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​​នៅលើ​ ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បីក្រុម៖
  • មួយក្រុម ​រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។
  • ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​ នៅក្នុង​ប្រទេស​កម្ពុជា។
  • ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម​ បាន​បង្កើត​ជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះ​ថា “គណបក្ស​ប្រជាជន” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទងគ្នា​ជា​ប្រចាំ។

ការណ៍​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយប៉ែក​​រត់ទៅ​ប្រទេស​វៀតណាម និង​មួយប៉ែកទៀត​ នៅក្នុង​ប្រទេស​កម្ពុជាបែបនេះ ទំនង​​ជា​មូលហេតុ​ចម្បង​ ដែល​នាំឲ្យ​មាន​ការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅអំឡុង​ឆ្នាំ១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម​ដែល​រត់ទៅ​វៀតណាម​ នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុងស្រុក ដែល​ជា​អតីត​សហការី។

នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយ​ពី​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​ មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ កម្ពុជា ​ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ។ បក្សថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​ នេះ​ដែរ។

បក្សកុម្មុយនិស្តកម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ "បក្ស​កុម្មុយនិស្ត​កម្ពុជា" វិញ។

សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ។ ពួក​ខ្មែរក្រហម​​ធ្វើបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្ស​ កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ការតស៊ូ​​តាមផ្លូវនយោបាយ​​ក្រោមរូបភាព “បក្សប្រជាជន”

នៅ​ក្នុងការតស៊ូ​ផ្នែកនយោបាយ នៅចន្លោះ​ទសវត្សរ៍​ទី៥០ និង​៦០ ខ្មែរកុម្មុយនិស្ត​បាន​ចែកចេញ​ជា​បីក្រុម​ធំៗ៖

មួយក្រុម​បាន​ធ្វើ​សកម្មភាព​ជាចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន ដែល​​ពួកគេ​បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៥៥។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​​ជាផ្លូវការ នៅ​ឆ្នាំ​១៩៦០​​ហើយ​ក៏ដោយ ក៏​ប៉ុន្តែ ពួក​កុម្មុយនិស្ត​នៅតែ​​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​ បក្ស​ប្រជាជន​ដដែល ដោយទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់។

ពួកខ្មែរកុម្មុយនិស្ត​ក្រុម​ទីពីរ ទៅ​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត​ ជាដើម ដោយ​​លាក់​មិនឲ្យ​គេដឹង​ថា​ពួកគេ​ជា​សមាជិក​របស់​​បក្ស​​កុម្មុយនិស្ត​​ នោះទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​​រើស​​សមាជិក​​ថ្មី​ឲ្យចូល​​បក្ស និង​បង្កើត​ជា​សាខាបក្ស​តូចៗ​ នៅ​តាម​កន្លែង​ដែល​ពួកគេធ្វើការ។ ក្រុមនេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់​ឈ្មោះថា “វិទ្យាល័យ​កម្ពុជបុត្រ”។

ចំណែកក្រុមទីបី ​ពួកគេ​បាន​ប្រឡូកចូល​ធ្វើ​នយោបាយ ដោយ​ជ្រក​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្តនិយម​របស់​សម្តេច នរោត្តម សីហនុ។

មូលហេតុនៃ​បរាជ័យ​របស់​បក្សប្រជាជន​ក្នុងការបោះឆ្នោតជាតិ

ក៏ប៉ុន្តែ នៅគ្រប់​ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ។ លើកលែងតែ​ខ្មែរ​កុម្មុយនិស្ត​៣នាក់​ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត​ នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅឆ្នាំ​១៩៦២។

បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ អាច​បណ្តាល​មក​ពី​កត្តា​ធំៗបី៖

កត្តាទីមួយ (ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោក​អ្នកស្តាប់​រួច​មកហើយ​ថា) ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម។ ក្រោយ​ពេល​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មានន័យ​តទៅទៀត។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុង​ចំណោម​សមាជិក​ចលនា​កម្មុយនិស្ត​ខ្មែរ​ខ្លួនឯង​ ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា​ តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វីទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ?

កត្តាទីពីរ នៅឆ្នាំ​១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​ចលនា​សង្គម​រាស្រ្ត​និយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩។ យោងតាម​លោកស្រី Elizabeth Beckerក្នុង​អំឡុងពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែក​សម្បុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តាទីបី ដែល​នាំឲ្យ​បក្ស​ប្រជាជន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្រ្ត​ និយម។ នៅ​រាល់​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្រ្ត​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន ​មិនហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុមខ្មែរ​កុម្មុយនិស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយ​ក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​បាន​សម្រេច​រក្សាទុក​បក្ស​ប្រជាជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ម្តងទៀត​ នៅ​ឆ្នាំ១៩៦២។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​ វិញម្តង៕

No comments:

Post a Comment